សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ចេញរូបមួយសន្លឹកដែលបង្ហាញពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ។
នៅលើបណ្តាញសង្គម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេររៀបរាប់ថា៖ «អតីតឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នជាមួយ អតីតប្រធានាធិបតីអាមេរិក អូបាម៉ាក្នុងពេលអញ្ជើញមកចូលរួមប្រជុំអាស៊ាននៅភ្នំពេញឆ្នាំ២០១២។ ពេលនោះ ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ការងារសហការការពារប្រធានាធិបតីអាមេរិក។»
គួរបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ គឺជាកូនខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិត្យយោធា West Point នៅសហរដ្ឋអាមេរិក ,បញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៃសាកលវិទ្យល័យ ញ៉ូយក សហរដ្ឋអាមេរិក និងបានទទួលនូវសញ្ញាបត្រថា្នក់បណ្ឌិតសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ផងដែរ។
នៅក្នុងជួរកងទ័ព សម្តេចបវរធិបតី ធ្លាប់កាន់មុខតំណែង ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី៕
អត្ថបទ៖ ពុទ្ធិកា