ឯកឧត្តម ឌិត ទីណា ចាត់ទុកកា​រ​កសាងសមត្ថភាព និង​ការអភិវឌ្ឍធន​ធាន​មនុស្សក្នុងវិស័យកសិកម្ម ជារឿងចាំបាច់

ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត​ ជា​ពិ​សេ​ស​ការពង្រឹងសមត្ថភាពរបស់មន្រ្តីកសិកម្មឃុំ​ ឱ្យកាន់តែមានប្រសិទ្ធភាព​ក្នុងការត្រួតពិនិត្យ​ ប្រមូលទិន្នន័យ​ និងផ្សព្វផ្សាយបច្ចេកទេស។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបពិភាក្សាការងារជាមួយកញ្ញា Moonjung CHOI នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២៤ ។

ពាក់ព័ន្ធនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារគម្រោងត្រូវគិតគូរផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំ​ បានយល់ដឹងពីបច្ចេកទេសផ្សព្វផ្សាយដល់ប្រជាកសិករកាន់តែប្រសើរឡើងមួយកម្រិតទៀត​ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។

ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជា ស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលអាចជួយដល់ប្រជាកសិករនូវបញ្ហាបច្ចេកទេស​ និងទីផ្សារ។

សម្រាប់សំណើកសាងហេដ្ឋារចនាសម្ព័ន្ធ​នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកឡើងថា ការងារនេះត្រូវមានផែនការច្បាស់លាស់ដោយគិតគូរស៊ីជម្រៅពីឈ្មោះនៃមហាវិទ្យាល័យ មានការគ្រប់គ្រងច្បាស់លាស់​ និងអាចផ្តល់នូវទីផ្សារការងារបានទូលំទូលាយ សម្រាប់និស្សិតពេលបញ្ចប់ការសិក្សា​ ជាពិសេសក្រុមហ៊ុននាំចូលធាតុចូលកសិកម្ម​ និងបណ្តាក្រុមហ៊ុននានាផ្សេងទៀត។

គួរបញ្ជាក់ថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីរាយការណ៍ពីលទ្ធផលនៃការចុះសិក្សាស៊ីជម្រៅលើសំណើគម្រោង (Building of Integrated Agricultural Extension-Education-Research Nexu​s of Climate Change Adaptation in Cambodia) ដើម្បីពិនិត្យនិងពិភាក្សាមុននឹងឈានដល់នីតិវិធីបន្ទាប់ និងស្នើសុំអនុសាសន៍ណែនាំពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី៕

អត្ថបទ៖ ពុទ្ធិកា