សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំរាជរដ្ឋាភិបាល “ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយ” ដោយគ្មានផែនការយកភាសា ណាមកជំនួសភាសាខ្មែរនោះទេ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសAក្នុងការប្រឡងបាក់ឌុប នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដោយហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់ការបង្រៀនភាសាខ្មែរនៅគ្រប់កម្រិតនៃការអប់រំ និងបណ្តុះបណ្តាល ដោយបានតម្រូវឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនទាំងអស់បញ្ចូលការបង្រៀនភាសាខ្មែរជាគោល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ធ្នូ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា ចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមដែលថា ក្រសួងបានដាក់បញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សា។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងមិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ ហើយក្រសួង ក៏ប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយ ព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែ តម្រូវជាបន្ទាន់៕
អត្ថបទ៖ ពុទ្ធិកា