ប្រជាពលរដ្ឋ ២០០នាក់បន្ថែមបានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»

ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី១១ ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ដោយមានការយល់ដឹងអំពីការងារព្រំដែន។ តាមរយៈទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានដឹកនាំដំណើរទស្សនកិច្ចនេះ បានបញ្ជាក់អះអាងជូនប្រជាពលរដ្ឋអ្នកចូលរួមទាំងអស់អំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី របស់រាជរដ្ឋាភិបាល តាំងពីជំនាន់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជាពិសេសឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែតឡើយ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែក្រវាត់ព្រំដែនទិសឦសានសម្រាប់ជើងទី១១ នេះ ប្រជាពលរដ្ឋជិត ២០០នាក់ បានធ្វើទស្សនកិច្ចផ្ទាល់នៅលើតម្រាយផ្លូវតាមខ្សែក្រវាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ៦៩ នៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ រហូតដល់បង្គោលព្រំដែនលេខ៦៥ ច្រកទ្វារព្រំដែនឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅលើផ្លូវក្រវាត់ព្រំដែនដែលសាងឡើងដោយគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ។

បន្ទាប់មក ក្រុមប្រជាពលរដ្ឋបានបន្តដំណើរទៅមើលបង្គោលព្រំដែនលេខ៤៨/២១(១) នៅច្រកដាក់ដាំ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងបានចូលទស្សនារមណីដ្ឋានភ្នំណាមលៀមុននឹងធ្វើដំណើរវិលត្រឡប់មករាជធានីភ្នំពេញវិញ។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានថ្លែងដោយស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបានបោះបង្គោលព្រំដែនបានយ៉ាងត្រឹមត្រូវ និងរឹងមាំជាមួយប្រទេសជិតខាង និងបានអះអាងថា «លឺ១០០ដង មិនស្មើនឹងឃើញផ្ទាល់ភ្នែក១ដង»។ ពួកគេបញ្ជាក់អះអាងថា ការភូតកុហក និងបំភ្លៃការពិតនៅលើបណ្តាញសង្គមដោយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស គ្មានតម្លៃសម្រាប់ការជឿជាក់របស់គាត់នោះទេ៕