ប្រធានាធិបតីបារាំង អញ្ជើញ​សម្ដេចបវរធិបតី ទៅចូលរួមសន្និសី​ទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រ នាខែមិថុនា​ ឆ្នាំ២០២៥

តាមរយៈប្រេសិតពិសេស ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីសាធារណរដ្ឋបារាំង បានសូមអញ្ជើញ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចូលរួមក្នុងសន្និសី​ទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡើងនៅទីក្រុងនីស សាធារណរដ្ឋបារាំង​ នាខែមិថុនា​ ឆ្នាំ២០២៥​ ខាងមុខនេះ ។

ឯកឧត្តម Olivier POIVRE D’ARVOR I ប្រេសិតពិសេសរបស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់មហាសមុទ្រនិងតំបន់ប៉ូល បានចូលជួបពិភាក្សាការងារជាមួយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា ដែលបានធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម Olivier POIVRE D’ARVOR I បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀត។ ហើយ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយមថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹងត្រូវ​លើកកម្ពស់ជាលំដាប់ទៅថ្ងៃអនាគត។

ទន្ទឹមគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសកម្ពុជា និងបារាំង ហើយបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែករបស់ប្រទេសបារាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទំនាក់ទំនង និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងចូលរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងវិស័យឯកជន និងវិស័យឯកជន ផងដែរ។

ចំពោះការ​អញ្ជើញ​សម្តេចបវរធិបតី ទៅ​ចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣​ នេះ​ សម្តេច​បវរ​ធិបតីនាយករដ្ឋមន្ត្រី​ បាន​អរគុណ​ឯកឧត្តមប្រធានាធិបតីបារាំង​ ហើយសម្តេចបញ្ជាក់ថានឹង​ពិចារណា​ដោយ​យកចិត្តទុកដាក់ចំពោះការអញ្ជើញនេះ។

គួរបញ្ជាក់ថា នៅក្នុងជំនួបនេះ សម្ដេចបវរធីបតី នាយករដ្ឋមន្ត្រី និងឯកឧត្តមប្រេសិតពិសេស ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាមួយចំនួន លើបញ្ហការប្រែប្រួលអាកាសធាតុជាសកល, ក៏ដូចជាផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលរួមចំណែកទៅដល់ការការពារបរិស្ថាន និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕

អត្ថបទ៖​ពុទ្ធិកា