មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិជប៉ុន វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង

មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិជប៉ុន ឯកឧត្តម អាគីបា តាខេអូ (Akiba Takeo) បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង បន្ទាប់ពីកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តសោកដនាកម្មដ៏ជូរចត់កាលពីអតីតកាល។ ឯកឧត្តម បានលើកបន្តដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។

ការលើកឡើងរបស់ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន ក្នុងពេលចូលជួបសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។

នៅក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា បើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា ជាពិសេសជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។ នៅក្នុងបរិបទនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕