ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដែលកាន់តែមានភាពតានតឹង ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានធ្វើការវាយតម្លៃថា ឫសគល់នៃបញ្ហាគឺកើតឡើងមកពីការមិនជឿទុកចិត្តគ្នារវាងប្រទេសធំៗ និងការលូកដៃជ្រុលរបស់ប្រទេសខាងក្រៅទៅក្នុងកិច្ចការតំបន់។ ការណ៍នេះបានធ្វើឱ្យប្រទេសនីមួយៗ ខិតខំពង្រឹងសមត្ថភាពយោធាខ្លួន ដែលបណ្តាលឱ្យមានការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើននូវការជឿទុកចិត្តគ្នាទៅវិញទៅមក។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានក្នុងពេលទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកឧត្តម Akiba Takeo បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង បន្ទាប់ពីកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តសោកដនាកម្មដ៏ជូរចត់កាលពីអតីតកាល។ ឯកឧត្តម បានលើកបន្តដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។
នៅក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា បើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា ជាពិសេសជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។ នៅក្នុងបរិបទនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕