កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។ នេះបើតាមការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ក្នុងពេលទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងក្នុងន័យនេះ សម្តេចតេជោ បានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។
ជាមួយនឹងការលើកឡើងនេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីតម្លៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេច និងការបន្តការអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានលើកឡើងបន្តដោយគូសបញ្ជាក់ថា ការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ក៏មិនខុសគ្នាអំពីទស្សនទានរបស់កម្ពុជាដែរ ពោលគឺប្រទេសទាំងពីរមានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ។
នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខវិញ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានបញ្ជូនកងស្វ័យការពារជប៉ុន (JSDF) ចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) អង្គការសហប្រជាជាតិ នៅកម្ពុជានៅឆ្នាំ១៩៩២ ដែលកាលនោះ សម្តេចតេជោ បានចេញមុខគាំទ្រ ទោះបីជាទទួលរងនូវការទិតៀនពីមជ្ឈដ្ឋាន និងពីប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ។ សម្តេចតេជោ បានលើកបន្តថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក ក៏មានភាពកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។ បន្ថែមពីលើនេះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ដោយសង្កេតឃើញថា ប្រទេសក្នុងតំបន់បានចាត់ទុកជប៉ុនជាដៃគូល្អ និងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពនូវមជ្ឈភាពអាស៊ាន។ នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីការគំាទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។
ដោយសង្កេតឃើញថា មានប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមផ្សេងៗ មកក្នុងតំបន់នោះ សម្តេចតេជោ បានបញ្ជាក់ឡើងវិញថា កម្ពុជានឹងគាំទ្រនូវរាល់យុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមនានា ឱ្យតែយុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមទាំងនោះ ផ្អែកទៅលើគោលការណ៍៣ នោះគឺ៖ (១) បម្រើឱ្យសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា (២) មិនក្លាយជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និង (៣) ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នៅក្នុងស្មារតីនេះ សម្តេចបានបន្ថែមថា កម្ពុជាមានឯករាជ្យភាពក្នុងការសម្រេចចិត្តនយោបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ៕