«បើយើងនិយាយអំពិលទ្ធិប្រជាធិបតេយ្យ និយាយអំពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ ក៏យើងត្រូវនិយាយអំពីនីតិរដ្ឋ ដើម្បីការពារឱ្យបាននូវសេរីភាព ប្រជាធិបតេយ្យ និងទប់ស្កាត់មិនឱ្យប្រជាធិបតេយ្យ ទៅជាអាណាធិបតេយ្យនិងទប់ស្កាត់ការជ្រកក្រោមឆត្រនៃសេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃបំភ្លើស បង្កើតការញុះញង់រើសអើង បង្កអសន្តិសុខ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយទិសដៅចុងក្រោយ គឺពួកគេប្រើប្រាស់ព័ត៌មានដើម្បីបង្កចលាចល»។ នេះជាការថ្លែង របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបើកសន្និសីទអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយលើកទី២ នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សន្តិសុខសារព័ត៌មាន គឺនិយាយអំពីការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ខណៈបរិបទបច្ចុប្បន្ននេះ ជាបរិបទនៃព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានមិនត្រឹមត្រូវដែលត្រូវបានបង្កើតឡើងដើម្បីជាចេតនាអាក្រក់ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នបំផុត។
ជាក់ស្ដែងក្រុមត្រួតពិនិត្យតាមដានប្រឆាំងព័ត៌មានក្លែងក្លាយ ជារៀងរាល់ថ្ងៃបានរកឃើញថា យ៉ាងហោចណាស់មានព័ត៌មានក្លែងក្លាយជាង១០ដែលពាក់ព័ន្ធអាយុជីវិតរបស់ជាតិ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកយក ឧទាហរណ៍កន្លងទៅនេះ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីបំភ្លើសបំភ្លៃ ហើយធ្វើឱ្យមានការព្រួយបារម្ភនិងការសង្ស័យរបស់ប្រជាពលរដ្ឋនៅពេលដែលរឿងនោះមិនមែនជារឿងពិតសោះ គឺរឿង CLV-DTA ដែលឈានដល់កម្រិតមួយដែលយើងអាចកត់សម្គាល់បានថា វាជាចរិតនៃការប្រើប្រាស់ព័ត៌មានបំពុលសង្គមដើម្បីផ្ដួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌។
បើតាម ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន គ្រាន់តែត្រឹមព្រឹកថ្ងៃទី១៩ធ្នូនេះ មិនតិចជាង២០ព័ត៌មានទេ ដែលក្រុមជនមួយចំនួនបង្កើតឡើងដើម្បីញុះញង់ ព្យាយាមដុតពាក់ព័ន្ធស្ថានភាពកោះគុត៕