សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់គណៈចលនាមហាជនគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់តាមដានវាយតម្លៃអោយបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។ ការណែនាំរបស់សម្តេចតេជោ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់អង្គការចាត់តាំងរបស់គណបក្សពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម៖
-ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលយើងសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន ដោយ សម្ដេចតេជោ បានបញ្ជាក់ថា សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។
-បន្តពង្រឹង និងពង្រីកអង្គការចាត់តាំង, ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពិសេសត្រូវរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបក្ស លើការងារមហាជន ទាំងគ្រូបង្គោល និងជនបង្គោលរបស់គណបក្ស រាជធានីខេត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ។
-នៅចំពោះមុខសភាពការណ៍ជាតិ និងអន្តរជាតិ ដែលមានការវិវត្តកាន់តែស្មុគស្មាញនោះ ត្រូវតាមដានវាយតម្លៃអោយបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។
-បង្កើនការងារបណ្តុះស្មារតីសាមគ្គីភាពសង្គម យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន និងការបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ, និងពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃជា និងបែបឌីជីថលឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ពិសេសជម្រុញការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការផ្សាយរបស់ ប្រព័ន្ធអនឡាញ ជាពិសេសគឺការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត ខ្វះសីលធម៌ ត្រូវមានវិធានការជាបន្ទាន់។
-បន្តការកំណែទម្រង់ ទាំងក្នុងបក្ស និងរដ្ឋ ដោយការធ្វើកំណែទម្រង់រដ្ឋ និងការធ្វើកំណទម្រង់ក្នុងបក្សត្រូវតែដើរទន្ទឹមគ្នាទើបការកែទម្រង់ទទួលបានជោគជ័យ។ បន្តជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ពិសេសត្រូវពន្លឿនការដោះស្រាយវិស័យសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកម្ពស់សេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
-បន្តចូលរួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតសន្តិភាព មិត្តភាពជាមួយចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និងយុវជន នៃបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក៕