ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា លោក Wang Wenbin ចេញមុខច្រានចោលការផ្សាយលាបពណ៌ថា ចិនឈប់ផ្តល់កម្ចីឲ្យកម្ពុជា។ លោកអះអាងថា ការផ្សាយលាបពណ៌នេះ គឺមិនអាចទៅរួចឡើយ ខណៈចិននៅតែបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជា។
តាមរយៈបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក Wang Wenbin បានលើកឡើងថា៖ «ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន»។
ប្រមុខការទូតចិនប្រចាំកម្ពុជារូបនេះ បានអះអាងទៀតថា រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។
កាលពីពេលថ្មីៗនេះ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅស្រុក បានផ្សព្វផ្សាយព័ត៌បំពុលថា ចិនឈប់ផ្តល់កម្ចីដល់កម្ពុជា។ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ថា៖ «ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច សុខចិត្តចោល EBA ព្រោះអាងខ្ចីលុយពីចិន តែឥឡូវអត់ទាំងពីរ ចិនលែងឲ្យខ្ចី»។
ព័ត៌មានមិនពិតនេះ ក៏បានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេនសាន បានច្រានចោល និងចាត់ទុកការផ្សព្វផ្សាយព័ត៌មានដែលថា ចិនឈប់ផ្តល់កម្ចីឲ្យកម្ពុជា ថាជាការបង្កើតឲ្យមានការយល់ច្រឡំ។ យល់ច្រឡំ ព្រោះថា បច្ចុប្បន្ននេះ ភាគីទាំងពីរ ចិន-កម្ពុជា កំពុងបន្តមានទំនាក់ទំនងគ្នាស្អិតរមួត និងគ្រោងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានផ្សេងទៀត។
គួរជម្រាបថា ចិននិងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។ កាលពីខែតុលាកន្លងទៅនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីចិន បានជួបគ្នានៅប្រទេសឡាវ ហើយភាគីចិនបានប្តេជ្ញាពីការបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ភាគីចិន ក៏បន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។
ដោយឡែក នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជាទៅកាន់ប្រទេសចិន នៅដើមខែធ្នូ ឆ្នាំ២០២៤នេះ ភាគីចិនក៏បានអះអាងពីការបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់៕
អត្ថបទ៖ អក្ខរា