សម្តេចតេជោ ហ៊ុន សែន កំពុងនិពន្ធចម្រៀងបទ «ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព» ដែលបទនេះអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា សម្តេចកំពុងនិពន្ធចម្រៀងបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព ដែលបទនេះអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកទី១៨ ខែធ្នូ ឆ្នាំ​២០២៤នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា៖ «ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។ យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជំងឺ កូវីដ១៩ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។ យើងចេះតែពាក្យផ្កាព្រោះយើងមិនចេះពាក្យមេខ្នុរកូនខ្នុរនោះទេហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ថ្ងៃនេះផ្ការីកនៅវិមាន៧មករា ម្សិលមុិញផ្ការីកនៅវិមានព្រឹទ្ធសភា»។

ក្នុងសំណេរដែលភ្ជាប់ជាមួយរូបភាពរាំលេងកម្សាន្តជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចតេជោ បានបន្តថា៖ «សូមជូនរូបថតផ្ការីកមួយសន្លឹកទើបរក ឃើញមិនដឹងថតពេលណាតែបើមើលក្បាលខ្សែក្រវាត់អាចទើបអាយុក្រោម៥០ឆ្នាំ ។ រាំជាមួយប្រពន្ធពេលចូលរួមសកម្មភាពកាកបាទក្រហម»។

«ខ្ញុំកំពុងនិពន្ធចម្រៀងមួយបទគឺបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាពដែលបទនេះនិងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព»។ នេះជាការឲ្យដឹងបន្ថែមពីសម្តេចតេជោ ហ៊ុន សែន៕