សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជួប លោកជំទាវ Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការីនាពេលនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា បន្ទាប់ពីកាន់កាប់មុខតំណែងនៅក្នុងអំណាចនីតិប្រតិបត្តិ អស់រយៈពេល ៤៥ឆ្នាំ បច្ចុប្បន្នក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ បានដាក់ចេញអាទិភាពពីរគឺ ការទូតសភា ដែលសំដៅរួមចំណែកកសាងមិត្តជាមួយនឹងរាជរដ្ឋាភិបាល និងគណនេយ្យភាពនៃព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។
សម្តេចតេជោ បានលើកឡើងថា វត្តមាន នាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អ នៅក្នុងវិស័យការពារជាតិ និងកងទ័ព បន្ទាប់ពីមេបញ្ជាការកងទ័ពកម្ពុជាបានទៅប្រជុំនៅរដ្ឋហាវ៉ែ ហើយជាការបង្កើនទំនុកចិត្ត បន្ថែមលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលមានស្រាប់ និងតាមរយៈសកម្មភាពនានារបស់ USAID ផងដែរ។ ជាមួយនឹងការវិលត្រលប់នៃរដ្ឋបាលឯកឧត្តម ដូណាល់ ត្រាំ នាពេលខាងមុខ សម្តេចតេជោ បានថ្លែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
សម្តេចតេជោ បានបន្តថា ថា រឿងចាស់គឺជាបទពិសោធ ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងនៃអនាគតរបស់ប្រទេសយើងទាំងពីរជាពិសេស ក្នុងការកសាងទំនុកចិត្តរវាងប្រទេសយើងទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ចនិងការវិនិយោគផងដែរ។
បើតាមសម្តេចតេជោ បទល្មើសអនឡាញមានទម្រង់និងលក្ខណៈស្មុគស្មាញ និងបំលាស់ទីពីប្រទេសមួយទៅប្រទេសមួយ ដែលនេះ ទាមទារការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីទប់ស្កាត់បទល្មើសនេះ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានពង្រីកការយកចិត្តទុកដាក់ វិសាលភាព និងពង្រឹងយន្តការទប់ស្កាត់បន្ថែមលើបទល្មើសអនឡាញនេះ។
ក្នុងឋានៈជាប្រទេសសម្របសម្រួលកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក សម្តេចតេជោ បានចែករំលែកបទពិសោធជាច្រើនរបស់កម្ពុជា នៅក្នុងអាស៊ាន និងជាមួយដៃគូសន្ទនារបស់អាស៊ាន និង បានសម្តែងនូវក្តីសង្ឃឹមថា ថ្នាក់ដឹកនាំអាមេរិក នឹងចូលរួមដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូ អាស៊ាន-អាមេរិក។
សម្តេចតេជោក៏បានចែករំលែកបទពិសោធដែលជាធាតុចូលសំខាន់ក្នុងការដោះស្រាយវិវាទតំបន់ដែលកំពុងកើតឡើង ដោយ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាតែងតែអនុវត្តគោលការណ៍ច្បាប់អន្តរជាតិ និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕