សម្តេចប​វរធិបតី ហ៊ុន ម៉ាណែត ពន្យល់អំពីគុណតម្លៃ៨ចំនុច ​ពីការចុះ​ឈ្មោះ​​អ្នក​សេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

រាជរដ្ឋាភិបាល បានប្រកាសសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ ”ថ្នាលឌី​ជីថល​ចុះ​ឈ្មោះ​អ្នកសេ​ដ្ឋកិច្ច​ក្រៅប្រព័ន្ធ” នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។

ក្នុងពិធីប្រកាសសម្ពោធនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពន្យល់អំពីគុណតម្លៃ ៨ចំនុច ពីការចុះឈ្មោះ​អ្នកសេ​ដ្ឋកិច្ច​ក្រៅប្រព័ន្ធ។ ក្នុងនោះ៖

ទី១. ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់ ហើយការចុះ​ឈ្មោះ​នេះមិន​ត្រឹមតែ ដើម្បីឱ្យទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានា។

ទី២. អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ ហើយនេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយមិនចាំបាច់ណាមួយដែលត្រូវបង់ជូនរដ្ឋឡើយ។

ទី៣. ក្រោយចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយនឹងទទួលបាន វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងារ ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវ​ការបានជាមួយវិស័យ​ឯកជន។

ទី៤. ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី ដែលជួយឲ្យ​មានសមត្ថភាព និងឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល និងបង្កើតការងារ សម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង។

ទី៥. ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាកូនសោមួយ ដែលអាចចាក់ ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុន​វិនិយោគ​ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។

ទី៦. អត្ថប្រយោជន៍សំខាន់មួយទៀតនៃការចុះឈ្មោះ គឺលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពសម្រាប់ទាំងខ្លួនឯង និងសមាជិកគ្រួសារ។

ទី៧. ការចុះឈ្មោះអាចឲ្យរាជរដ្ឋាភិបាល កសាងបានទិន្នន័យល្អ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និង ឆាប់រហ័ស ពិសេសក្នុងអំឡុងពេលនៃវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម។

ទី៨. សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ការចុះឈ្មោះ នឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា  ការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ គឺឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និង ជួយសម្រួលដល់អ្នកដែលកំពុងប្រកបមុខរបរ ធ្វើការងារ និង មានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យអាចអភិវឌ្ឍអាជីវកម្ម និង ពង្រីកមុខរបរ ជាពិសេស ធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ៕

អត្ថបទ៖ ពុទ្ធិកា