ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ទាក់ទាញមនុស្សគ្រប់វ័យចូលទស្សនាយ៉ាងច្រើនកុះករ

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា កំពុងចំហទ្វារទន្ទឹងរងចាំវត្តមានទស្សនិកជនចូលទស្សនាដោយសេរី។ ពិព័រណ៍ដ៏ធំ និងជាព្រឹត្តិការណ៍មានតែមួយនៅកម្ពុជាមួយនេះ បានបើកជាផ្លូវការកាលពីម៉ោង៨ ព្រឹក ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៤ និងបន្តរហូតដល់ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ចាប់ពីម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង៨យប់។

ទំព័រហ្វេសប៊ុក ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានឲ្យដឹងថា ពិព័រណ៍នេះកាន់តែប្លែក និងពិសេសជាងឆ្នាំមុនៗ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ លោកតាលោកយាយ អ៉ំពូមីង បងប្អូន សិស្សានុសិស្ស និងយុវជន។ ជាក់ស្តែង នៅថ្ងៃទី១៤ ខែធ្នូ ដែលជាថ្ងៃទី២ នៃការដាក់តាំងបង្ហាញយន្តហោះ និងបច្ចេកវិទ្យា គឺមានមនុស្សចំនួន ២៧ ៥៩៥នាក់ បានចូលទស្សនា។

ព្រឹតិ្តការណ៍នេះ មិនត្រឹមតែមានយន្តហោះជាច្រើនគ្រឿង ដាក់តាំងបង្ហាញ និងបច្ចេកវិទ្យាតែប៉ុណ្ណោះទេ ក៏មានស្តង់ចំណីអាហារ ក៏ដូចជាមានឆាកតន្រ្តីកំដរទស្សនិជនដែលមកចូលរួមទស្សនាផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ធ្លាប់បានរៀបចំចំនួន ៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សិស្សានុសិស្ស យុវជន និងប្រជាជនកម្ពុជា៕