សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យប​ន្តអនុវត្តអភិក្រម«ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាទីផ្សារ​ផលិតផ​លកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជាមានទីផ្សារសមស្រប ទាំងក្នុងស្រុក និងក្រៅប្រទេស ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល ព្រមទាំងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ។ ការជំរុញនេះ បានធ្វើឡើងនៅក្នុង «ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤» នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យបន្តចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ពិភពលោក ជាពិសេសពង្រីកលទ្ធភាព នៃការនាំចេញ តាមរយៈយន្តការជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដូចជាការដឹកនាំ វិស័យឯកជនបន្ថែមទៀត ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិល្បីៗ នៅបណ្តាប្រទេស ដែលមានទីផ្សារសក្តានុពល រួមមាន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏ជំរុញឲ្យមានការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឱ្យមានភាពធន់ ជាពិសេស នៅ ពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ដោយរលូន និង ប្រកបដោយចីរភាព ។

អត្ថបទ៖ ពុទ្ធិកា