ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទី១១ ខែធ្នូ ឆ្នាំ២០២៤ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល អភិបាលរាជធានី-ខេត្ត តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា តាមរយៈវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦នេះ ពិតជាទទួលបាននូវពុទ្ធិបន្ថែមទៀតពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការធានានូវនីត្យានុកូលភាពនៃការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនក្រោមក្របខណ្ឌនីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ស្នើដល់សមាជិកសមាជិកានៃអង្គវេទិកានេះ បន្តផ្សព្វផ្សាយចែករំលែកដល់បុគ្គលពាក់ព័ន្ធ ជាពិសេសសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន និងចៀសវាងដាច់ខាតការធ្វើសកម្មភាពណាមួយ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គមជាតិ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលនៅតែបន្តរិះរកវិធីសាស្ត្រលើកទឹកចិត្តតាមគ្រប់រូបភាពទាំងអស់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋក្រីក្រ ការរួមចំណែកជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានធ្វើការណែនាំដល់អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សម្របសម្រួល ផ្តល់កិច្ចសហការ និងបង្កលក្ខណៈងាយស្រួល តាមគ្រប់រូបភាពដល់សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ក្នុងការធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការមនុស្សធម៌ សង្គមកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់បន្តកិច្ចខិតខំរួមគ្នាបន្តទៀត ក្នុងគោលដៅដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕