សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលជួប ឯកឧត្តម Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) នៅរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Sheraton Grand Doha រាជធានីដូហា។
ក្នុងជំនួបនេះ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួបពិភាក្សាជាមួយនឹង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីកាតា កាលពីព្រឹក ដើម្បីបង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។
សម្តេចតេជោ បានជម្រាបជូនភ្ញៀវ អំពីសក្តានុពលខាងវិស័យកសិកម្ម ជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សម្តេចតេជោ បានលើកឡើងថា ឯកសារសំខាន់ពីររួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខានាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះព័ត៌មានដ៏មានសារៈសំខាន់ស្តីពីកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និង បានលើកឡើងថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើការចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងទាំងពីរដែលសម្តេចបានលើកឡើង៕