ឯកអគ្គរដ្ឋទូតវៀតណាម ចប់អាណត្តិ ពេញចិត្តចំពោះការវិវឌ្ឍរីកចម្រេីន នៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងវៀតណាម

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តម បញ្ចប់បេសកកម្មការទូត នៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តម ង្វៀន ហ៊ុយតាំង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក ហេីយ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព, ស្ថិរភាពនយោបាយ , សណ្តាប់ធ្នាប់សង្គម និង ការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ ព្រមទាំងធានាបាននូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ 

ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អ ក្នុង អាណត្តិ បេសកកម្មការទូតរបស់ឯកឧត្តម ដែលបានចូលរួម ចំណែកពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ 

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការជំរុញ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម។ 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ហើយការរក្សាបាននូវការជួបប្រាស្រ័យទាក់ទង រវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ, រវាងប្រជាជន និងប្រជាជន នៅគ្រប់លំដាប់ថ្នាក់ និងគ្រប់កម្រិត នឹង ចូលរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត ។ 

សម្ដេចបវរធិបតី និង ឯ កឧត្តម ឯកអគ្គរដ្ឋទូតចប់អាណត្តិក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រេីន នៃកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរ លើវិស័យពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិនិងសន្ដិសុខ, ទេសចរណ៍, អប់រំ, វប្បធម៌ និងការតភ្ជាប់រវាងប្រជាន និងប្រជាជន៕