សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកពលរដ្ឋមានសុខភាពល្អ ជាទ្រព្យសកម្មរបស់ជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ពលរដ្ឋមានសុខភាពល្អ ជាទ្រព្យសកម្មរបស់ជាតិ ដូចនេះ បានជារាជរដ្ឋាភិបាលវិនិយោគលើសុខភាពរបស់មនុស្ស តាយរយៈការពង្រឹងវិស័យសុខាភិបាលឲ្យរឹងមាំ មានភាពម្ចាស់ការក្នុងព្យាបាលប្រជាពលរដ្ឋ និងពង្រីកវិសាលភាពគ្របដណ្តប់ប្រព័ន្ធសុខាភិបាល។ ការគូសបញ្ជាក់របស់សម្តេចដូចនេះ បានធ្វើឡើងនៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋាភិបាលក៏បានបង្កើតរបបសន្ដិសុខសង្គម ហៅកាត់ថា (ប.ស.ស) គឺប្រៀបដូចជាការបង្កើតបណ្ណធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋ និងមន្រ្ដីរាជការ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋលើចំណាយផ្សេងៗពាក់ព័ន្ធនឹងសេវាសុខភាពផងដែរ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ថា រាជរដ្ឋាភិបាលអាណត្តិទី ៧ ក៏ដូចជា រាជរដ្ឋាភិបាលនីតិកាលមុនៗ បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់, ពោល គឺមានសុខភាពល្អមាំមួន, ចំណេះដឹង និង ជំនាញពិតប្រាកដ, មានសីលធម៌ខ្ពស់ ជាអាទិភាពគន្លឹះមួយនិងជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ន តាមរយៈការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដោយផ្តោតលើការខិតខំប្រឹងប្រែងបន្តកាត់បន្ថយការឈឺ និងស្លាប់បណ្តាលមកពីជំងឺ ។

គួរបញ្ជាក់ថា ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ប្រព័ន្ធសុខាភិបាល រាជរដ្ឋាភិបាលបានរុញប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងពង្រឹងមន្ទីរពេទ្យបង្អែកស្រុកនៅទូទាំងប្រទេស ។ គិតមកដល់ឆ្នាំ២០២៣ មានមន្ទីរពេទ្យ ១២៥កន្លែង មណ្ឌល១២១៦កន្លែង និងប៉ុស្តិ៍សុខភាព១៣១កន្លែង៕

អត្ថបទ៖ ពុទ្ធិកា