ប្រជាពលរដ្ឋបានចាប់ផ្តើមចុះធ្វើប្រហុក ផ្អក ត្រីឆ្អើរ នៅតាមតំបន់មួយចចំនួនតាមជួរដង់ទន្លេសាប ខណៈរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ត្រីប្រហុកចាប់ផ្តើមត្រូវពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចគន្លងជាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ។
រដ្ឋបាលជលផល ក៏ណែនាំឲ្យប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងខាងលើ ។ រដ្ឋបាលជលផល ក៏សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន តាមការគួរ។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អមដំណើរដោយ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានទៅពិនិត្យដោយផ្ទាល់នូវការប្រមូលផលនេសាទនៅថ្ងៃត្រីត្រូវដំបូង។
លើបណ្តាញសង្គមសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «ថ្ងៃនេះឆ្លៀតចុះជួបសំណេះសំណាលនិងមើលការប្រមូលផល នេសាទរបស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល។ តាមបងប្អូននៅទីនោះប្រាប់ ឆ្នាំនេះការប្រមូលផលត្រីមានការកើនឡើងច្រើនបើប្រៀបធៀបជាមួយនៃផលនេសាទនៅឆ្នាំកន្លងទៅ»។
គួរបញ្ជាក់ថា តាមការជូនដំណឹងរបស់រដ្ឋបាលជលផល ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងជាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង៕