សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ ក្រោមប្រធានបទ៖ សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ។
ក្នុងសារលិខិត សម្តេចបវរធិបតី ឧទ្ទិសយកទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំនេះ ផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដោយមាន ប្រធានបទ “សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ” ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។
បើតាមសម្តេចបវរធិបតី ដើម្បីការងារនេះអាចសម្រេចទៅបានប្រកបដោយប្រសិទ្ធភាព យើងត្រូវការ ចាំបាច់នូវរដ្ឋបាលសាធារណៈដែលស្អាតស្អំ ដែលបម្រើរាស្ត្រ បម្រើរដ្ឋប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ ទទួល ខុសត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់ផងដែរ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជា ស្ថាប័ន និងតួអង្គពាក់ព័ន្ធរួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួនដែលគាំទ្រដល់កិច្ចប្រឹងប្រែងរួមគ្នានេះ ដូចខាងក្រោម ៖
១. ពង្រឹងការអប់រំស្តីពីការប្រឆាំងអំពើពុករលួយឱ្យមានវិសាលភាពគ្របដណ្ដប់បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅ ក្នុងស្រទាប់សង្គម ទាំងក្នុងសាលា-ក្រៅសាលា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ទាំងមុន ចេញធ្វើការ និងក្នុងពេលធ្វើការ។
២. ជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់សេវាសាធារណៈបានកាន់តែមានតម្លាភាព និងគណនេយ្យភាព, ការគ្រប់គ្រងទំនាស់ផលប្រយោជន៍, ការការពារបុគ្គលរាយការណ៍, ការដាក់វិន័យ និងទោសទណ្ឌ។ល។
៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នសាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិប្បញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធ ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព។
៤. ការងារប្រឆាំងអំពើពុករលួយ ត្រូវការការរួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំ ត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ននីមួយៗ។ អង្គភាពប្រឆាំងអំពើពុករលួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទី ជំរុញ និង សម្របសម្រួលចំពោះកិច្ចសហប្រតិបត្តិការចាំបាច់នានា ទាំងក្នុងការងារអប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូ ទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល និង ស្របជាមួយផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
៥. ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ន មន្ត្រីរាជការទាំងអស់ត្រូវចងចាំនូវអភិក្រមទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការរស់នៅ ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ៕