ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំពីលើកកម្ពស់សោភ័ណភាព និងការថែរក្សាអនាម័យបរិស្ថាន ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីចូលរួមអបអរសាទរ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមួយនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ។
ក្នុងសេចក្តីណែនាំកាលពីនៅថ្ងៃទី២៨ មេសានេះ រដ្ឋបាលរាជធានីភ្នំពេញ គឺតម្រូវឲ្យគ្រប់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី មូលដ្ឋានអាជីវកម្មទេសចរណ៍ និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទផ្សេងទៀតចងទង់ជាតិ ដោយដាក់ដងឱ្យបានត្រឹមត្រូវ និង រៀបចំតុបតែង លម្អ ភ្លើងពណ៌ នៅមុខគេហដ្ឋាន លើអគារ តាមរបង និងនៅមុខមូលដ្ឋានអាជីវកម្ម របស់ខ្លួនឱ្យបានផុលផុស ។
ទន្ទឹមគ្នានេះ គ្រប់គ្រឹះស្ថានរដ្ឋ-ឯកជន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ត្រូវចងបដាពាក្យស្លោក ដែលមានខ្លឹមសារឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាតិ និងព្រឹត្តិការណ៍ប្រកួតកីឡាទាំងពីរនេះ រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងនៅមុខអគារ ឬតាមជញ្ជាំង អគារ ឬដើមឈើ និងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ឱ្យមានភាពទាក់ទាញ និងសោភណភាព។
ដោយឡែក គ្រប់លំនៅឋានមូលដ្ឋានអាជីវកម្ម និងការដ្ឋានសាងសង់សំណង់នានា ត្រូវចូលរួមថែរក្សា និងសម្អាតអនាម័យបរិស្ថាននៅតាមទីតាំងរបស់ខ្លួន ដោយត្រូវធ្វើការបោស សម្អាត ប្រមូលទុកដាក់ និងវេចខ្ចប់សំរាម ឬកាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបញ្ចេញឱ្យបានទៀងទាត់តាមពេលវេលាកំណត់ ។
សម្រាប់ប្រជាពលរដ្ឋ និងគ្រប់មូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និង របៀបរៀបរយសង្គម ឱ្យបានល្អប្រសើរក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ទាំងពីរនេះ សំដៅចូលរួមលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល ។
គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា។ ទីតាំងប្រកួត ដែលជាគោលធំៗ រួមមាន រាជធានីពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។