សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ ណែនាំឲ្យបន្តទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទនៅតាមមូលដ្ឋាន។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

ក្រៅពីណែនាំឲ្យទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំរដ្ឋបាលរាជធានីខេត្តពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានីខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា។

ពាក់ព័ន្ធនឹងល្បែងស៊ីសង់ខុសច្បាប់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសារាចរណែនាំ ដោយក្នុងនោះ ក្រសួងតម្រូវឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។

ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពយូរបំផុតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺចាប់ពីថ្ងៃទី១១ ខែធ្នូ តទៅ មន្រ្តីមានសមត្ថកិច្ចគ្រប់ថ្នាក់គ្រប់ជំនាញ ទាំងជំនាញស្រាវជ្រាវតាមទីតាំង តាមបណ្ដាញអ៊ីនធើណេត និងជំនាញបង្ក្រាប នឹងសហការគ្នាអនុវត្តសារាចរណែនាំយ៉ាងតឹងរឹងបំផុត តាមទស្សនៈ ល្មើសមួយ បង្ក្រាបមួយ ល្មើសពីរ បង្ក្រាបពីរ៕

អត្ថបទ៖ ពុទ្ធិកា