សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់ផ្ទាំងផ្សព្វផ្សាយស្រាបៀរតាមដងផ្លូវ ត្រូវជំនួសមកវិញពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំរដ្ឋបាលរាជធានី-ខេត្តពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា។ ការណែនាំនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការនាយករដ្ឋមន្រ្តី។

គួរជម្រាបថា នៅដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានណែនាំទៅស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យលើសកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹង។ ក្រោយការណែនាំ មានអាជ្ញាធរខេត្តជាច្រើន បានរុះរើទម្លាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភណភាពតាមដងផ្លូវ ចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង និងកាត់បន្ថយអ្នកស្លាប់ និងរងរបួស បណ្តាលមកពីអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង៕