ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយរំពឹងថា នឹងមហាជនចូលរួមប្រមាណជិត៥ម៉ឺននាក់ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់បាល់ ថតរូបអនុស្សាវរីយ៍និងសំណេះសំណាល ក្នុងព្រឹត្តិការណ៍នេះផងដែរ។
ដើម្បីអោយព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ ដំណើរការទៅដោយរលូននិងជោគជ័យ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយជាមួយ ស្ថាប័នពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ,ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ,មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ,អគ្គស្នងការនគរបាលជាតិ ,តំណាងសហព័ន្ធយុវជនកម្ពុជា ,អភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើរូបទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជាដែលរកមកបានដោយ សម្តេចតេជោ ហ៊ុន សែន។ ចំពោះការងារសន្តិសុខ ត្រូវតែពង្រឹងអោយបានម៉ឹងម៉ាត់បំផុត ព្រោះពួកជ្រុលនិយម ចង់បំផ្លាញសន្តិភាពនៅកម្ពុជា ពួកគេនៅតែប៉ុនប៉ងជានិច្ច មិនត្រូវធ្វេសប្រហែសនោះឡើយ។
ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់នេះ មានអ្នកចូលរួមទស្សនាប្រមាណជិត៥ម៉ឺននាក់ ដូច្នេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់បំផុត ដោយគ្រប់ស្ថាប័ន ត្រូវសហការគ្នាធ្វើអោយបានល្អបំផុតជាមួយនិងការទទួលខុសត្រូវរៀងៗខ្លួន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ។ ក្នុងនោះ គូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ៕