ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការ រៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជា កាន់តែរីកចម្រើន។ ការនាំរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
ឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពររបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា កម្ពុជាយើងមានស្ថាបត្យកម្មប្រកបដោយអរិយធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរប្រណិតល្អឥតខ្ចោះ គ្រាន់តែយើងនៅមិនទាន់បានប្រែក្លាយឱ្យវិស័យនេះ វិវត្តន៍ទៅតាមសម័យកាល ដោយសារមានរឿងអកុសលដែលយើងធ្លាប់បានឆ្លងកាត់ជាច្រើនក្នុងរយៈពេលកន្លងមក។
ឯកឧត្តមបន្តថា «សិល្បៈ គឺជាការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់បុគ្គល សិល្បៈគឺជាការបើកប្រអប់ ឬកញ្ចប់ឱ្យទេពកោសល្យរបស់មនុស្សត្រូវបានបង្ហាញ មនុស្សដែលគ្មានសិល្បៈ គឺមិនមានភាពសប្បាយរីករាយ មិនមានការស្វែងយល់ពីអ្នកដទៃ។ ដូច្នេះក្នុងយន្តការនៃការបណ្តុះបណ្តាលស្ថាបត្យករ ឬវិស្វករ ដែលជាអ្នកឆ្លាក់ដួងព្រលឹងជាតិទៅអនាគត គួរពិចារណារប្តូរយុទ្ធសាស្ត្របើកចិត្ត ទទួលយកភាពច្នៃប្រឌិត បន្ថែមការយកចិត្តទុកដាក់លើបំណិនជីវិតអមជាមួយការសិក្សាជំនាញមួយផ្នែកទៀត ដើម្បីបង្កលក្ខណៈអោយការបណ្តុះបណ្តាលធនធានផ្នែកស្ថាបត្យកម្មដ៏កម្រនេះ អាចរីកលូតលាស់បានកាន់តែប្រសើរប្រកបដោយគុណភាព»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តចែករំលែកនូវបទពិសោធន៍ ព្រមទាំងបានផ្តល់នូវអនុសាសន៍ជូនដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត ជំរុញអ្នកជំនាញ និស្សិត ចូលរួមសិក្សា និងផ្តល់យោបល់ក្នុងការរៀបចំទីតាំងលម្ហសាធារណៈនានា ដោយចាត់ទុកថាជាការរៀបចំផ្ទះសម្បែង និងស្រុកទេសរបស់យើងឱ្យបានស្របទៅតាមតម្រូវការ និងសម័យកាល ដើម្បីចូលរួមកសាងសង្គម រក្សាស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចជាផ្លែផ្កាក្រោមម្លប់សន្តិភាពឱ្យបានគង់វង្ស ដែលជាកេរ្តិ៍តំណែលមិនអាចកាត់ថ្លៃបានបន្ទាប់ពីប្រាង្គប្រាសាទអង្គរ៕