ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសម្ពោធព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ព្រះរាជពិធីសម្ពោធព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ ដែលជាតង្វាយគម្រប់ខួប ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ និងខួប២០ឆ្នាំនៃការបង្កេីតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងខួបឆ្នាំទី៣៣ នៃគណៈធម្មយុត្តិកនិកាយខ្មែរ (៧ធ្នូ១៩៩១-៧ធ្នូ ២០២៤) នឹងប្រារព្ធនៅវត្តស្វាយពពែ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
ព្រះរាជពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេចព្រះសង្ឃនាយក សម្តេចព្រះមហាសង្ឃរាជ ឯកឧត្តមលោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឧកញ៉ា និងមន្ត្រីរាជការគ្រប់លំដាក់ថ្នាក់។
គួរជម្រាបថា ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្ស នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ។ ប៉ុស្ដិ៍សុខភាព ដែលទើបរៀបចំថ្មីនៅបរិវេណវត្តស្វាយពពែ សម្រាប់បម្រើប្រយោជន៍រួមទូទៅក្នុងការផ្តល់សេវាសុខាភិបាល និងសម្រាប់ព្យាបាលជម្ងឺ ផ្តល់ថ្នាំទូទៅ ជូនប្រគេនសមណនិស្សិត និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋទូទៅដោយព្យាបាលមិនគិតថ្លៃ៕