កម្ពុជា-ឡាវ បញ្ជាក់​ពី​​ការ​ប្តេជ្ញាចិត្ត​​​បង្កើតច្រកព្រំដែន​ថ្មីរវាង​ខេត្ត​រតន​គិរី និង​ខេត្តអាត់តាពី

រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការលើកទឹកចិត្តអាជ្ញាធរ​មានសមត្ថកិច្ចនៃ ប្រទេសទាំងពីរ សិក្សាពីលទ្ធភាពនៃការបង្កើតច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់​តាពី ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ ការដឹកជញ្ជូន និងការតភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា នៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

ប្រមុខរដ្ឋាភិបាលទាំងពីរប្រទេស ក៏បានលើកទឹកចិត្តឱ្យបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿន ការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ខេត្តព្រះវិហារ-ទន្លេសេឡាំប៉ាវ ខេត្តចំប៉ាសាក់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ថ្នាក់ដឹកនាំទាំងពីរ មានជំនឿយ៉ាងមុតមាំថា ស្ពាននេះនឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់ ប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ក៏ដូចជាការតភ្ជាប់នៅក្នុងមហាអនុតំបន់មេគង្គ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនប្រមាណ ៨៦% នៃខ្សែ បន្ទាត់ព្រំដែនសរុប ស្មើនឹង ៥៤០គីឡូម៉ែត្រ និងប្តេជ្ញាពន្លឿនការដោះស្រាយតំបន់ព្រំដែនដែលនៅ សេសសល់ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកសាងព្រំដែនរួមនៃសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃគឺ នៅថ្ងៃទី០៤ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០២៤ ។

តាមរយៈដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអញ្ជើញធ្វើជាអធិបតី​ ក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈផងដែរ៕

អត្ថបទ៖ ពុទ្ធិកា