សម្ដេចតេជោ ហ៊ុន សែន ពន្យល់ផ្ទាល់ទៅនាយករដ្ឋមន្រ្តីឡាវពីការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

សម្តេចតេជបានជម្រាបជូន ឯកឧត្តម សនសៃ ស៊ីផាន់ដន ថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបីនោះទេ។

សម្តេចតេជោ បានបន្តទៀតថា ប្រទេសយើងទាំងបី កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលបានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងកម្មវិធីអភិវឌ្ឍយុវជននៃប្រទេសយើងទាំងបី។

ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសង្កត់ធ្ងន់ថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)ក្នុងនាមរដ្ឋាភិបាលឡាវ និងខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តម សូមសម្តែងនូវការយល់ចិត្តយល់ថ្លើមនៃការលំបាករបស់កម្ពុជា និងបានបញ្ជាក់ថា ឯកឧត្តម នឹងសហការយ៉ាងជិតស្និតជាមួយ សម្តេចមហាបវរធិបតី។

ឯកឧត្តមបានបន្តជម្រាបជូន សម្តេចតេជោ ថា ឯកឧត្តម មានការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមព្រំដែន ដែលភាគីប្រទេសយើងទាំងពីរ បានស្តាប់ទស្សនគ្នាទៅវិញទៅមក យោគយល់គ្នាអស់ពីចិត្តអស់ពីថ្លើម និងត្រង់ទៅត្រង់មក។ ឯកឧត្តម ក៏បានស្នើឱ្យបរិយាកាសកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អនេះ បន្តទៅមុខដើម្បីឈានទៅដោះស្រាយកិច្ចការព្រំដែនរួមគ្នា ប្រកបដោយការអភិវឌ្ឍ។ ឯកឧត្តម បានសម្តែងនូវក្តីសង្ឃឹមថា សម្តេចតេជោ នឹងបន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការរវាងនាយករដ្ឋមន្រ្តីនៃប្រទេសយើងទាំងពីរ រវាងគណបក្សនិងគណបក្ស និងរវាងប្រជាជនយើងផងដែរ។

ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការរីករាយជាថ្មីម្តងទៀត នូវទំនាក់ទំនងមិត្តភាពប្រកបដោយផ្លែផ្កានៃសាមគ្គីភាពឡាវ-កម្ពុជា បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕