«ក្រមា»ខ្មែរត្រូវបានយូណេស្កូ ចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

គណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូបានអនុម័ត យល់ព្រមចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈ សេចក្តីសម្រេច 19.COM 7.b.27 ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា នៅថ្ងៃតី០៤ ខែធ្នូនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានចាត់ទុកថា នេះគឺជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។ 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និង សហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណ ដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏កោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះ «ក្រមា» ក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានបន្តថែរក្សា ផលិត និងប្រើប្រាស់ក្រមាក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ដែលជាអត្តសញ្ញាណរបស់ជាតិ តាំងពីដើមរៀងមក។

គួរបញ្ជាក់ថា ក្រមា” គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនា ជាដើម។