អគ្គស្នងការដ្ឋាននគរបាលជាតិ ទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នោះនឹងចាត់វិធានការតាមផ្លូវច្បាប់។
ផ្អែកតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន បញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម។ ក្នុងករណី ចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ ៕