ប្រជាពលរដ្ឋដែលជាអតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង 6A មានក្តីរំភើបសប្បាយរីករាយ ចំពោះដំណោះស្រាយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញបណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។
នៅលើបណ្តាញសង្គមនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងតម្កល់ផលប្រយោជន៍រួមទាំងអតិថិជន និងវិនិយោគិន ដែលជាប្រជាជនកម្ពុជាដូចគ្នា បានជួបបញ្ហានៃការវិនិយោគលើវិស័យអចលនទ្រព្យកន្លងទៅ រាជរដ្ឋាភិបាលបានខិតខំរកដំណោះស្រាយ ដែលអាចផ្តល់ឱកាសឱ្យអ្នកវិនិយោគអាចបន្តរស់រាន និងដំណើរការការសាងសង់ផ្ទះជូនអតិថិជន ហើយអតិថិជនក៏អាចទទួលបានផលដែលខ្លួនបានចំណាយ និងរំពឹងទុក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ពិតណាស់ថាអាចមានការយឺតបន្តិច តែរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលជំហរច្បាស់លាស់ និងខិតខំរកមធ្យោបាយ ការសម្របសម្រួល និងអនុគ្រោះផ្សេងៗ ដើម្បីស្រោចស្រង់ និងលើកកម្ពស់វិស័យអចលនទ្រព្យឱ្យល្អប្រសើរឡើងវិញ។
ជាក់ស្តែងក្នុងចំណោមគម្រោងអភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោង នៅទូទាំងប្រទេស រួមមានបុរី ចំនួន ២៧ ស្មើនឹង ៧៧ គម្រោង ផ្សារនិងខុនដូ ចំនួន ៤ គម្រោង និងដីឡូតិ៍ ចំនួន ១៨ គម្រោង ក្នុងនោះយើងដោះស្រាយបានចំនួន ៥៣ គម្រោង នៅសល់ ចំនួន ៤៦ គម្រោង ដែលនឹងបន្តដោះស្រាយជាបន្តបន្ទាប់៕
អត្ថបទ៖ ពុទ្ធិកា