នាយករដ្ឋមន្ត្រីឡាវ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន បានអញ្ជើញធ្វើដំណើរមកដល់កម្ពុជាហើយ នៅវេលាម៉ោងប្រមាណជាង៩ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ។ វត្តមានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមយន្តហោះពិសេស ទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច យ៉ាង​កក់ក្តៅពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀតផងដែរ ។

ដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន និងលោកជំទាវ នឹងអញ្ជើញចូលក្រាបថ្វាយបង្គំ គាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ,មានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ក៏នឹងមានជំនួបទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៤ ខែធ្នូ នេះ។ ជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើ ការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាង ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហា តំបន់នឹងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃគឺ នៅថ្ងៃទី០៤ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទ៖ ពុទ្ធិកា