ជំនួបកម្រិតខ្ពស់រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឡើងនៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម ស៊ី ជីនពីង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានជួបសម្តេចតេជោដែលជាមិត្តចាស់សាជាថ្មី ហើយដែលឯកឧត្តមបានចាត់ទុក សម្តេចតេជោ ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំដែលមានទស្សនៈនយោបាយវែងឆ្ងាយ មានបទពិសោធន៍កម្ររកបាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ជាប្រវត្តិសាស្ត្រ។ ឯកឧត្តម បានលើកឡើងថា ក្នុងពេលដែលជំងឺរាត ត្បាតកូវីដ១៩ ផ្ទុះឡើង ឯកឧត្តម មានក្តីរំភើបយ៉ាងខ្លាំង ដែលសម្តេចតេជោ បានអញ្ជើញមកធ្វើទស្សនកិ ច្ចនៅប្រទេសចិន និងបានបង្ហាញពីជំហរដ៏រឹងមាំរបស់សម្តេចតេជោ ជាមួយរដ្ឋ ប្រជាជន និងគណបក្សកុម្មុយនីស្តចិន។
ឯកឧត្តម បានបន្តថា ចិននិងកម្ពុជា តែងតែរួមគ្នាការពារផលប្រយោជន៍រួម ក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ ហើយ នឹងបន្តពតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក ។
ឯកឧត្តម បានបន្ថែមថា ប្រទេសចិន និងកម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍបែបថ្មីនៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម ការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។
ឯកឧត្តម ស៊ី ជីនពីង ក៏បានជំរុញការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអណត្តិថ្មី ។ ឯកឧត្តម ស៊ី ជីនពីង មានក្តីសប្បាយរីករាយ ដែលកម្ពុជាសម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយគ្នានេះដែរ កម្ពុជា-ចិន នឹងបន្តការ ផ្លាស់ប្តូរប្រជាជនឱ្យកាន់តែជិតស្និទ្ធ ដោយកម្ពុជាជាគោលដៅពេញនិយមសម្រាប់ទេសចរចិន។ ឯកឧត្តម ស៊ី ជីនពីង បានបន្ថែមថា កម្ពុជា-ចិនមានទំនុកចិត្ត ទៅវិញទៅមក ក្នុងការដោះស្រាយភាព ស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ ហើយភាគីចិនគាំទ្រតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ៕