ក្នុងជំនួបកម្រិតខ្ពស់ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។
សម្តេចតេជោ បានថ្លែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនមែនជាគម្រោងថ្មីទេ ដោយសារជាគម្រោងមានតាំងពីសម័យព្រះបាទ អង្គឌួង មកម្លេះ។ គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច ដ៏ច្រើន ។
សម្តេចតេជោ បានស្នើបន្ថែមថា ចិន និងកម្ពុជា៖ (១) បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក ការបង្រ្កាបបទល្មើសល្បែងអនឡាញ …។ល។, (២) បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេសទំនាក់ទំនងរវាងចលនាមហាជន និងគណៈទាក់ទងបរទេស។ តាមបទពិសោធរបស់សម្តេចតេជោ ការស្គាល់គ្នាដែលចាប់ផ្តើមពីយុវជន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺមានអត្ថប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនងរវាងគណបក្សទាំងពីរទៅអនាគត និង (៣)បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ៕