«សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នឹងមានផលិតជាអង្ករលក់រាយដោយផ្ទាល់ទៅកាន់អ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ ស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់និងទីផ្សារ ជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទទួលបានការគាំទ្រពីអង្គការSwiss Contact។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលពួកគាត់ភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ អីឡូវនេះសហគមន៍អាចមានទុនបង្វិលគ្រប់គ្រាន់ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបានតម្លៃបន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។
ឯកឧត្តម បានបន្ថែមថា សម្រាប់អ្នកចូលចិត្តប្រភេទស្រូវចម្ការ អង្កររឹងល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់កសិករសហគមន៍នេះ កុំភ្លេចចាំជួយគាំទ្រ និងសាកល្បងទិញយកទៅហូបដោយ ខែក្រោយនេះមានលក់ហើយ៕
អត្ថបទ៖ ពុទ្ធិកា