ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សូមបវរណាដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ សូមគោរពប្រតិបត្តិនូវព្រះធម៌វិន័យ ខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ ភាសាបាលី សំស្ក្រឹត សូត្រគម្ពីរព្រះត្រ័យបិដកសូត្របាតិមោក្ខនិងសិក្សាប្រព័ន្ទបច្ចេកវិទ្យាឌីជីថល ដើម្បីជាទន់ក្នុងការផ្តល់នូវឱវាទដល់ព្រះជាពុទ្ធបរិស័ទ ទូទាំងប្រទេស និងផ្សព្វផ្សាយលើពិភពលោក ខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ពិនិត្យណែនាំដល់ ភិក្ខុ សាមណេរណា ដែលប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីធម៌វិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
ក្នុងឱកាសសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២នេះ កាលពីថ្ងៃទី១ ខែធ្នូ នៅខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា សូមឯកភាពជាមួយនិងគណៈសង្ឃនាយក និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការគ្រប់វត្ត ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម ៥ របស់ព្រះពុទ្ធសាសនារួមមាន ៖ ១. បព្វជ្ជា (ការបួស) ២. បរិយត្តិ (ការសិក្សា) ៣. បដិបត្តិ ( ការប្រតិបត្តិ) ៤. បដិវេធៈ(លទ្ធផល) ៥. បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) និងបន្តថែរក្សាឱ្យបានអភិក្រម ស៣ សម្រាប់វត្តអារាម របស់ក្រសួងធម្មការនិងសាសនាគឺ វត្តស្អាត វត្តស្ងប់ និងវត្តស្វាង ដើម្បីឱ្យសាកសមជាខេត្តដែលកំពុងមានសក្តានុពលផ្នែកទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ និងសាសនា។
ក្នុងពិធីនេះដែរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា មានព្រះថេរដីកា ក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ឱ្យមានស្មារតីភ្ញាក់រលឹក ប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសមណសក្យបុត្រ ដែលជាបុត្រដ៏ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល៕