កម្ពុជា សម្រេចផ្តន្ទាទោសស្ត្រីហ្វីលីពីន​ ១៣នាក់​ ដែលពពោះជំនួស ដាក់ពន្ធនាគារម្នាក់ៗ ៤ឆ្នាំ

សាលាដំបូងខេត្តកណ្ដាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន និងករណី សមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន កើតឡើងនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជាអសាធារណៈដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៩៥ អ.ក ចុះថ្ងៃទី​០១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើស​មាន​ចែងឱ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ដែលមានជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣ (ដប់បី)នាក់ និងករណី សមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើសមានចែងឱ្យផ្ដន្ទាទោសតាម បញ្ញត្តិមាត្រា២៧ មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលមានជនជាប់ចោទជាស្ត្រីជនជាតិខ្មែរចំនួន០១(មួយ)នាក់។

ក្រោយពីបញ្ចប់កិច្ចពិភាក្សាដេញដោលនាពេលសវនាការ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង ខេត្តកណ្តាល បានពិនិត្យ និងពិចារណាយ៉ាងល្អិតល្អន់លើអង្គហេតុ អង្គច្បាប់ និងភស្តុតាងនានាក្នុងសំណុំ រឿង និងបានចេញសាលក្រមព្រហ្មទណ្ឌលេខ១៧៧/ញ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន ១៣(ដប់បី)នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល៤(បួន)ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២(ពីរ)ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លង​ដែន បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិ មាត្រា២៧ មាត្រា៩៤ កថាខណ្ឌទី១ ចំណុចទី១ មាត្រា​១០៦ មាត្រា១០៧ និងមាត្រា១០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ កថាខណ្ឌទី៣ ចំណុចទី១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើ​ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវ ភេទ។

ចំពោះជនជាប់ចោទជាស្ត្រីជនជាតិខ្មែរ ដែលជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារដើម្បីមើលថែ ស្ត្រីជនជាតិហ្វីលីពីន​ត្រូវបានតុលាការសម្រេច៖ ១.កែប្រែបទចោទប្រកាន់លើជនជាប់ចោទពីបទសមគំនិត ក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា២៧ មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មកជាបទ មិនប្តឹង បរិហារបទឧក្រិដ្ឋ តាមបញ្ញត្តិមាត្រា៥២៩ នៃក្រមព្រហ្មទណ្ឌវិញ។ ២.ផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ កំណត់រយៈពេល៦(ប្រាំមួយ)ខែ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២(ពីរ)ខែ១(មួយ)ថ្ងៃ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទមិនប្តឹងបរិហារ​បទឧក្រិដ្ឋ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាម បញ្ញត្តិមាត្រា១០៦ មាត្រា១០៧ មាត្រា១០៨ និងមាត្រា៥២៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចបុរី វិមានភ្នំពេញ ស្ថិតនៅលើផ្លូវជាតិលេខ៦A ផ្ទះលេខ៦២, ផ្លូវលេខ២៤ និងផ្ទះលេខ១៤H ផ្លូវលេខ២០ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីខែមីនា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ និងក្នុងអំឡុងឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បញ្ជាក់ថា ជុំវិញការសម្រេចសេចក្តីខាងលើ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានធ្វើការពិចារណាយ៉ាងល្អិតល្អន់ ច្បាស់លាស់ និង ត្រឹមត្រូវបំផុតផ្អែកតាមច្បាប់ជាធរមាន ហើយបានកំណត់ថា អំពើដែលបានប្រព្រឹត្តដោយជនជាប់ចោទជា ស្ត្រីជនជាតិហ្វីលីពីនទាំង ១៣(ដប់បី)នាក់ គឺជា​បទល្មើសដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ អំពើនេះ គឺជាបទល្មើសប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន ដែលត្រូវផ្តន្ទាទោសដោយ ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយសារ បទល្មើសនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិជាមនុស្សរបស់ទារក និងកុមារ ដែលត្រូវគាំពារ និងការពារដោយច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។

យោងតាមមាត្រា៩៨៧ នៃក្រមរដ្ឋប្បវេណីបានកំណត់ថា ស្ត្រីដែលបានសម្រាលកូន គឺជាម្តាយរបស់កូន។ ប៉ុន្តែ ក្នុងករណីសំណុំរឿងខាងលើនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំដែលបង្ហាញថា ស្ត្រីជនជាតិ ហ្វីលីពីនទាំង ១៣​(ដប់បី)​នាក់នេះ មានចេតនាពពោះជំនួស ដើម្បីបង្កើតទារកក្នុងគោលបំណងលក់-ដូរ ទៅឱ្យអ្នកទីបី ជាថ្នូរនឹងប្រាក់ ដែលអំពើនេះត្រូវកំណត់ថាជាបទល្មើសលក់-ដូរមនុស្ស។ ហេតុដូច្នេះ ស្ដី ដែលពពោះជំនួស ក្នុងគោលបំណងបង្កើតកូន ដើម្បីលក់-ដូរ ទទួលប្រាក់កម្រៃ ត្រូវចាត់ទុកជាជនល្មើស តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕