កម្ពុជាបាននិងកំពុងជំរុញនិងបង្កើនល្បឿនក្នុងការធ្វើបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ តួយ៉ាងដូចជាវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច នយោបាយ វប្បធម៌ សិល្បៈ កីឡាជាដើម ដោយប្រើប្រាស់យុគសម័យបរិវត្តកម្មឌីជីថលជាសកលនាពេលបច្ចុប្បន្នឱ្យក្លាយ ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់សង្គមជាតិកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា នៅឆ្នាំ២០២៤នេះ ប្រធានបទគន្លឹះនៃទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២គឺ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ក្នុងគោលដៅជំរុញឱ្យមានការដាក់ បញ្ចូលវិស័យពិការភាពក្នុងប្រព័ន្ធឧស្សាហកម្មទំនើបជំនាន់ទី៤ ដោយផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព សុក្រឹតភាព គុណភាព និងគណនេយ្យភាព នៃសេវាកម្មឱ្យកាន់តែប្រសើរជាងមុន។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវឲ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការរួមទាំងមន្ត្រីមានពិការភាពឱ្យ ចេះប្រើប្រាស់ឌីជីថលនៅក្នុងសម័យកាលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់ការងាររបស់អង្គភាពនិងសកម្មភាព រស់នៅប្រចាំថ្ងៃ។
គួរបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ មានក្រសួង ស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូល បម្រើការងារចំនួន៣ ៨១៦នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន៨៨២នាក់ ជនមានពិការភាពកម្រិតធ្ងន់ ចំនួន២ ៣៥១នាក់ បើគិតជាភាគរយគឺស្មើនឹង ២,០៤%។
ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រលើការអនុវត្ត ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន២៨៧ បានទទួលយកជនមាន ពិការភាពចូលបម្រើការងារចំនួន៥ ៦៨៤នាក់ ស្ត្រីមានពិការភាពចំនួន៣ ៥៧៨នាក់ ៕