ក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានដោះស្រាយជាបណ្តើរៗ

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយក្តីព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានធ្វើការដោះស្រាយជូនបងប្អូនជាបណ្តើរៗ។​

ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤​ ៤៣៧បណ្ណ ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ​ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងនោះក្រុងសៀមរាបត្រូវចេញបណ្ណចំនួន ៣ពាន់១១៩បណ្ណ ក្នុងនោះចំនួន៣ពាន់៩៦បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ២៣បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ​ និងស្រុកប្រាសាទបាគង ត្រូវចេញបណ្ណចំនួន ១ពាន់៣២៨បណ្ណ ក្នុងនោះចំនួន ១ពាន់៣២៧ បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ៩ បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ក្នុងអាណត្តិនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យបញ្ចប់បញ្ហាចម្រូងចម្រាសនៅក្នុងសង្គមជាតិកម្ពុជា។ ឯកឧត្តមបន្តថា បញ្ហារបស់យើងមានមួយចំនួន ប្រសិនបើយើងទៅដោះទាំងអស់វាពិបាកបន្តិចនៅក្នុងពេលតែមួយ ដូច្នេះយើងត្រូវធ្វើកិច្ចការមួយចំនួនព្រមគ្នា ដើម្បីបង្កើតនៅបរិយាកាសមួយ ដែលជាបរិយាកាសលែងមានវិវាទសម្រាប់សង្គមជាតិយើងទាំងមូលតែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ក្រសួងនឹងរៀបចំការអនុវត្តគោលការណ៍ក្នុងការរស់នៅក្នុងតំបន់បេតិកភណ្ឌ ជូនបងប្អូនពលរដ្ឋនៅសៀមរាប ដោយក្នុងនោះក្រសួងបាននិងកំពុងអនុវត្តកិច្ចការមួយចំនួនរួមមាន៖ ការចុះបញ្ជីដីធ្លីក្នុងខេត្តសៀមរាបទាំងមូល, ការចុះបញ្ជីដីធ្លីនៅតំបន់បុរាណដ្ឋាន, ពិនិត្យមើលលក្ខខណ្ឌនៃការប្រើប្រាស់ដីទាំង ១១៤ភូមិ នៅក្នុងតំបន់អង្គរ និងរៀបចំកសាងផែនការប្រើប្រាស់ដី ដើម្បីឱ្យពលរដ្ឋរស់នៅដោយស្ងប់ចិត្ត និងមានការស្រុះស្រួលគ្នា តាមរយៈការពិគ្រោះយោបល់ជាមួយពលរដ្ឋក្នុងវេទិកាសាធារណៈ, គិតគូររៀបចំខេត្តឱ្យបានល្អ ដើម្បីឱ្យភ្ញៀវទេសចរមកលេង ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

បើតាមឯកឧត្តម ប្រាក់ សោភ័ណ ដោយមានការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន បានប្រជុំជាបន្តបន្ទាប់ ដោយកំណត់ទីតាំងបុរាណដ្ឋានបានចំនួន៩ ក្រុង/ស្រុក រួមមាន៖ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី ក្រុងរុនតាឯកតេជោសែន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកជីក្រែង ស្មើនឹង៧១ ឃុំ/សង្កាត់ ដោយសម្រេចបានចំនួន ៧ពាន់ ២១៣ ទីតាំង (ស្មើនឹង៦៣%) មានទំហំ ២៣៥លាន ៤៥៦ពាន់ ៨៤៩ ម៉ែត្រក្រឡា និងប៉ះពាល់ដីប្រជាពលរដ្ឋ ចំនួន ៧០ពាន់ ៤០២ ក្បាលដី ក្នុងនោះមាន ទីតាំងបុរាណដ្ឋាន ដែលអាជ្ញាធរជាតិអប្សរាបានសម្រេចដកចេញពីបញ្ជី ១ពាន់១០៦ ទីតាំង ស្មើនឹងទំហំ ១២លាន១៩ពាន់៨៦៤ ម៉ែត្រក្រឡា។ ទីតាំងដីបុរាណដ្ឋានស្នើសុំថ្នាក់ដឹកនាំសម្រេច ចំនួន ១ ពាន់២៧ ក្បាលដី ទំហំ ១១៩លាន៩៧៤ពាន់៧២ ម៉ែត្រក្រឡា។ ឯកឧត្តមបានបន្តថា ក្បាលដីអាចចុះបញ្ជីជូនប្រជាពល រដ្ឋចំនួន ១៨ពាន់៧៩៧ ក្បាលដី ស្មើនឹងទំហំ ២៩លាន៦៥៦ពាន់៤៦៧ ម៉ែត្រក្រឡា៕