សម្តេចពញាចក្រី ហេង សំរិន អបអរសាទរខួបអនុ​ស្សាវរីយ៍លើ​កទី៤៦ ទិវាកំ​ណើត​រណសិរ្សសាមគ្គី​អភិវឌ្ឍន៍​មាតុភូមិកម្ពុជា

សម្តេចពញាចក្រី ហេង សំរិន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។

នៅលើបណ្តាញសង្គម សម្តេចពញាចក្រី ហេង សំរិន  បានសរសេររៀបថា​ «ថ្ងៃ២ ធ្នូ ១៩៧៨ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានប្តូរមកជា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។»

សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា  ជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា។  ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភ គាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

សម្តេចពញាចក្រី បានបន្តថា មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។

សម្តេច បានសង្កត់ធ្ងន់ថា ទម្រាំទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ កម្ពុជាបានធ្វើដំណើរ យ៉ាងវែងឆ្ងាយ បានឆ្លងកាត់ឧបសគ្គ និងលះបង់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ដូច្នេះសូមបងប្អូនជនរួមជាតិ បន្តស្មារតីជាតិនិយម ថែរក្សា ការពារសុខសន្តិភាពដែលបានមកដោយលំបាកនេះ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានជឿនលឿន រីកចម្រើនបន្ថែមទៀត៕