សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃកំណើតរណសិរ្ស ២ធ្នូ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤)។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

បើតាមសម្តេចតេជោ ហ៊ុន សែន មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕