សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២-៤ ខែធ្នូ

តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃ ព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិ- ប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធាន គណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន៕