រដ្ឋ នឹង​ជួយ​សាងសង់​ផ្សា​របឹងឈូកនៅខេត្តបាត់ដំបង​​ឡើងវិញ និងឲ្យអាជីវករ​គ្រប់គ្រង​តូប​ពេញមួយ​ជីវិត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងជួយសាងសង់ផ្សារបឹងឈូក ដែលស្ថិតនៅខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ការប្រកាសនេះបានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បន្ទាប់ពីការឆាបឆេះនេះ វិស័យឯកជនដែលគ្រប់គ្រងផ្សារនេះ អស់លទ្ធភាពក្នុងការសាងសង់ឡើងវិញ​ ដូច្នេះហើយសម្តេចសម្រេចយកផ្សារនេះជាផ្សាររដ្ឋវិញ និងប្រកាសសាងសង់​ឡើងវិញ ឆ្លើយតបនឹងសំណូមពររបស់ក្រុមអាជីវករដែលរងផលប៉ះពាល់ពីការឆេះផ្សារបឹងឈូកនេះ ដើម្បីឱ្យអាជីវករមានទីតាំងក្នុងការប្រកបរបរលក់ដូរវិញ។

ជាមួយនឹងការប្រកាសសាងសង់ផ្សារបឹងឈូកនេះឡើងវិញ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរថា ​សម្រាប់អ្នកដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើមទាំង​ជាន់ផ្ទាល់ដី ជាន់ទី១ និងផ្សារតូចស្ថិតនៅពីក្រោយ រដ្ឋនឹងផ្តល់សិទ្ធិកាន់កាប់អាស្រ័យផល លើតូបថ្មីនេះអស់មួយជីវីត តកូនតចៅ។ សម្រាប់អ្នកជួលបន្តចំនួន២៥នាក់ នៅលើជាន់ទី១ នឹងផ្តល់ជូនម្នាក់មួយតូបនៅផ្សារខាងក្រោយ។ ដោយឡែកអ្នកជួលបន្តនៅជាន់ខាង​ក្រោមដែលមិនរងការឆេះ និងអ្នកជួលបន្តនៅផ្សារខាងក្រោយ រដ្ឋ​បាលខេត្តបាត់ដំបងនឹងពិភាក្សាគ្នា ដើម្បីជួយពួកគាត់តាមលទ្ធភាព និងលើកយោបល់ជូនសម្តេចនៅពេលក្រោយ។

ទន្ទឹមគ្នានេះសម្តេចបវរធិបតី ​បានផ្តល់អនុសាសន៍ឱ្យសាងសង់ផ្សារបឹងឈូកនេះ គឺត្រូវរក្សាស្ថានភាពក្នុងទម្រង់ដើម ទាំងចំនួនតូប និងទំហំតូប​ បន្ទាប់ពីអ្នកជំនាញពីក្រសួងដែនដីទៅសិក្សា។

សម្តេចបវរធិបតីបានលើកឡើងថា ក្នុងការសាងសង់អាចចំណាយរយៈពេល៤ខែ ដូច្នេះហើយអាជីវករដែលតូបឆេះអស់ អាចទៅរកទីតាំងលក់បណ្តោះអាសន្នសិន ចំណែកអាជីវករដែលមិនរងការឆាបឆេះនៅជាន់ផ្ទាល់ដី និងនៅខាងក្រោយ អាចលក់បន្តបានជាធម្មតា។

ការប្រកាសរបស់សម្តេចបវរធិបតី បានធ្វើឱ្យក្រុមអាជីវកម្មរំភើបសប្បាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់សម្តេចដែលបានសាងសង់ផ្សារនេះឡើងវិញ ដើម្បីផ្តល់ទីតាំងឱ្យពួកគាត់បានប្រកបរបររកស៊ីបន្ត និងមិនធ្វើឱ្យប្រជាពលរដ្ឋនៅតែលតោលនៅកណ្តាលទន្លេ។

គួរបញ្ជាក់ថា ផ្សារបឹងឈូក ដែលមានទីតាំងក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សាងសង់ឡើងអំពីថ្មកម្ពស់២ជាន់ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យតូបលក់ដូរនៅជាន់ទីពីរចំនួន១៤៨តូបខូចខាត។