សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជា​សមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ

សម្តេច​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើង​ថា តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកើតចេញពី​ការអនុ​វត្តនូវនយោបាយ​ ឈ្នះ​ ឈ្នះ​ ២ដង​ ក្រោមការដឹកនាំរបស់​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី​១).​ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង​២)​ការបញ្ចប់ជម្លោះដីធ្លីជាង​២០ឆ្នាំរវាងប្រជាជន និងប្រជាជន។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” ​ ក្នុង​ស្រុកម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ នៅព្រឹក​ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤។

សម្តេច​បវរ​ធិបតី​ ហ៊ុន ម៉ាណែត បានចាត់ទុកថា នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំមកនូវសុខសន្តិភាព​ពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និងជាឱកាសដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជា​ការ​លំបាកមួយកម្រិតទៀត។

ក្នុងន័យនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿក្រុមអគតិ និងជនបោកប្រាស់ ដើម្បីចូលទន្ទ្រាន ឬ រំលោភដីធ្លីខុសច្បាប់ ហើយបានបញ្ជាក់​ថា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្តល់ដីសម្បទាន​សង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះ​ដី​ពិតប្រាកដ​ ហេីយប្រជាពលរដ្ឋដែលខ្វះ​ដី​ពិតប្រាកដ​ អាចស្នើសុំ​ មករាជ​រាជរដ្ឋាភិបាល​។

គួរបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍបឹង​ជង្រុកតេជោឈ្នះ ឈ្នះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ ក៏បានសម្រេច​​អភិវឌ្ឍបន្ថែមតាមសំណើរបស់ប្រជាពលរដ្ឋ ដោយសម្រេចកសាងបន្ថែមនូវអាគារសិក្សាចំនួន ១ខ្នង,​ កសាងផ្លូវ​តភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ ព្រមទាំងសម្រេចផ្តល់ក្របខ័ណ្ឌដល់លោកគ្រូ និងអ្នកគ្រូ ​ចំនួន១១នាក់ផងដែរ៕

អត្ថបទ៖ ពុទ្ធិកា