ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងរៀបចំនៅមុខព្រះបរមរាជវាំង ចំថ្ងៃឆ្លងឆ្នាំសកល

សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងគឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។

«សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែល ប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះនិងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។

ការរៀបចំព្រឹត្តិការណ៍នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមសម្របសម្រួលចំនួន២៣ចំណុច ដែលមានទាំងការសុំទីតាំង រៀបចំតុបតែង ដំឡើងឆាកសម្តែង ការសម្រួលចរាចរនិងការបង្ហោះដ្រូនជាដើម។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» នេះនឹងរៀបចំឡើងដោយមានជា ក្បួនដង្ហែសាទរកម្ពុជា មានមនុស្សចូលរួមប្រមាណ ៣០០០នាក់ ដែលមានតួយក្សចូលរួម ២០០យក្ស។ ការដង្ហែទង់ជាតិ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀង «បទនគររាជ» ទាំង៣វគ្គ។ មានសុន្ទរកថារបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។ ការសម្តែងរបាំជូនពរ។ ការសម្តែងរបាំសហសម័យ «សាទរកម្ពុជា»។ ការសម្តែងសិល្បៈទស្សនីយភាពចម្រុះនិងចុងក្រោយគឺការរាប់ថយក្រោយឆ្លងឆ្នាំសកល ជាមួយទស្សនីយភាពកាំជ្រួច៕