ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក»

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានប្រោសព្រះរាជទាន ព្រះរាជសារចូលរួមអបអរសាទរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

ព្រះរាជសារ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមហាក្សត្រ ចូលរួមអបអរសាទរចំពោះ សម្តេចមហាបវរ ធិបតី ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រះអង្គមានព្រះរាជបន្ទូលថា៖ «សម្ដេចមហាបវរធិបតី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ពិតជាស័ក្តិសមបំផុតទៅនឹងពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម បានដឹកនាំ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយថាមពល គតិបណ្ឌិតដ៏ឆ្នើម ឈ្លាស់វៃ និងប៉ិនប្រសប់ តាមរយៈកិច្ចកសាងបាននូវនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចកម្ពុជា ទទួលបាននូវ សុខសន្តិភាព ស្ថិរភាពសង្គម ឯកភាពជាតិ ការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ ជាពិសេសបានចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោក »។

ចំណែកសម្តេចព្រះមហាក្សត្រី ទ្រង់មានព្រះរាជបន្ទូលក្នុងព្រះរាជសារថា៖ «សម្ដេចមហាបវរធិបតី ពិតជាស័ក្តិសមទទួលបានពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក“ ដែលជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ សេវា សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីបុព្វហេតុ ជាតិមាតុភូមិ ប្រជាជនកម្ពុជា និងបន្តពូនជ្រំថែទាំយ៉ាងដិតដល់នូវសេចក្តីសុខ សន្តិភាព ស្ថិរភាព នយោបាយប្រកបដោយស័ក្ដិសិទ្ធិភាព នៅគ្រប់ដំណាក់កាល»។

សូមជម្រាបថា វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី បានសម្រេចផ្តល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃ​យ៉ាងល្អិតល្អន់ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេច។ កាលពីឆ្នាំ២០២២កន្លងទៅ វិទ្យាស្ថាននេះ ក៏បានប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ៕

អត្ថបទ៖ អក្ខរា