សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទូកង ព្រះត្រៃបិដក និងវចនានុក្រមខ្មែរ សម្រាប់តម្កល់នៅតាមបណ្ដាវត្តខ្មែរក្រោម

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេនទូកង និងព្រះត្រៃបិដកចំនួន ១៦ចប់ សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជាសម្រាប់តម្កល់នៅតាមបណ្ដាវត្តខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ ដើម្បីសិក្សារៀនសូត្ររបស់ព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ។

ការប្រគេនទាំងនេះ តាមសំណើររបស់ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។

ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោល បំណងនៃការជួបសំណេះ​សំណាល​ជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះសម្តេចទាំងទ្វេដែលបានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០​២៤កន្លងទៅ ដែលនេះជាប្រវត្តិសាស្រ្តមួយសម្រាប់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តត្រាវិញ។

ក្រៅពីការថ្លែងអំណរគុណចំពោះអង្គកឋិនទានកន្លងមក ព្រះមន្រ្តីសង្ឃខ្មែរក្រោម ទាំង៦ព្រះអង្គ ក៏បានចូលក្រាបបង្គំគាល់ សម្តេចព្រះមហាសង្ឃរាជនិងសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ ដើម្បីធ្វើកិច្ចវត្តប្រណិប័តន៍តាមទំនៀមនៃព្រះពុទ្ធសាសនា និងការបដិបត្តិធម៌វិន័យនិងការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ។

ព្រមជាមួយនោះ ក៏បានជួបសំណេះសំណាលជាមួយ សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដើម្បីថ្លែងអំណរគុណអំពីការរៀបចំ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរកន្លងមក និងការសុំជួយគាំទ្រដល់ការសិក្សានិងស្នាក់នៅរបស់ព្រះសង្ឃខ្មែរក្រោម នៅតាមបណ្ដាវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕