សម្តេចតេជោ ហ៊ុន សែន ជឿជាក់លើអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា ក្នុងការសម្រេចបានស្នាដៃដ៏ត្រចះត្រចង់ថ្មីៗថែមទៀត

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម អ៊ុច បូររិទ្ធ និងឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា ក្នុងឱកាសដែលឯកឧត្តមទាំងពីរត្រូវបានសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឯកឧត្តម អ៊ុច បូររិទ្ធ ជាអ្នកដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់មួយរូប ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមយ៉ាងសកម្មបំផុតក្នុងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ថែរក្សា បាននូវសុខសន្តិភាពជាតិ ស្ថិរភាពជាតិ ការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ការលើកតម្កើងលទ្ធិ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិបាន យ៉ាងល្អប្រសើរសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

សារលិខិតមួយទៀត សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថាយ៉ាងមុតមាំថា ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា នឹងចូលរួមចំណែកដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិ ប្បញ្ញាត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ដើម្បីរួម ចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការកសាងពង្រឹង សមត្ថភាពស្ថាប័ន ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនន។

សូមជម្រាបថា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុច បូររិទ្ធ អតីតអនុប្រធានទី២ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតគាំទ្រឱ្យកាន់តួនាទីជាអនុប្រធានទី១ នៃព្រឹទ្ធសភា ជំនួសឯកឧត្តមប្រាក់ សុខុន​ ដែលទៅកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ អង្គព្រឹទ្ធសភា​ក៏បានបោះឆ្នោតគាំទ្រឯកឧត្តម ធន់ វឌ្ឍនា អតីតប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា​ជាអនុប្រធានទី២ នៃព្រឹទ្ធសភាផងដែរ៕

អត្ថបទ៖ អក្ខរា